កាលបរិច្ឆេទ: ០៩ មិថុនា ២០២៥ / កសិកម្ម / Author : ATH Sokren
បើទោះបីជាឆ្នាំ ២០២៥ ស្ថានភាពកំណើនសេដ្ឋកិច្ចសកលមានភាពស្របពិចស្រពិល និងមិនច្បាស់លាស់ដោយសារតែ ឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មនៃប្រទេសមហាអំណាចរវាងអាមេរិក ចិន ក៏ដោយ តែសន្ទុះនៃការលក់ផលិតផលប៉េប៉េអឹម និងខនហ្វីរេលរបស់ផ្នែកពាណិជ្ជកមុ្មរទាំងក្នុងស្រុក និងក្រៅស្រុកនៅតែរក្សាបានសញ្ញាវិជ្ជមានសម្រាប់ត្រីមាសទី១ ឆ្នាំ ២០២៥។ នេះជាទិន្នន័យដែលបានលើកឡើងក្នុងបទបង្ហាញនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់ គណៈកម្មការប្រតិបត្តិ (Executif Comity) Q1 2025, កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ ក្នុងរមណីយដ្ឋានទេសចរណ៍មួយកន្លែងក្នុងខេត្តកណ្តាល។
លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេល បានលើកសរសើរពីការប្រឹងប្រែងគ្រប់ផ្នែករបស់ផ្នែកពាក់ព័ន្ធទាំងអស់របស់សហគ្រាស-ក្រុមហ៊ុនទាំងពីរ ហើយលោកបានគូសបញ្ចាក់ថា លទ្ធផលថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ វាគឺជាចក្ខុវិស័យដែលលោកបានគូសវាសអស់ជាច្រើនឆ្នាំមកហើយ។
លោកបានបញ្ជាក់ថា៖ «អ្វីដែលយើងកំពុងធ្វើគឺត្រឹមត្រូវហើយ បើទោះបីវាមិនទាន់សម្រេចបាន១០០% ក៏ដោយ។ លទ្ធផលដែលយើងទទួលបាននៅថ្ងៃនេះ ដោយសារតែយើងបានធ្វើកំណែទម្រង់។ យើងមាននយោបាយមួយច្បាស់លាស់ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកគឺវាបានចេញជាផ្លែផ្កា ព្រោះថាអ្វីៗទាំងអស់នេះ មិនមែនធ្វើតែតាមនឹកឃើញនោះទេ។ ដូច្នេះយើងត្រូវចេះរៀបចំផែនការ ទិសដៅច្បាស់លាស់ ហើយត្រូវវាស់វែងវាតាមគន្លាក់ៗ ដោយសារតែទិសដៅរបស់យើងវាវែងឆ្ងាយ អីចឹងទាមទារឱ្យយើងត្រូវតែតាមដាន និងវាស់វាតាមគន្លាក់ៗឱ្យបានត្រឹមត្រូវជាចាំបាច់»។
ទោះជាយ៉ាងណាក៏ដោយ លោកប្រធានអគ្គនាយកបានជំរុញ និងលើកទឹកចិត្តដល់គ្រប់ផ្នែករបស់ក្រុមហ៊ុន-សហគ្រាសឱ្យរួមគ្នាពង្រឹង និងកែលម្អបន្ថែមទៀតនូវចំណុចខ្វះខាត ជាពិសេសផ្នែកផលិតកម្ម និងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ស្របពេលនឹងការមកដល់នៃបច្ចេកវិទ្យាថ្មីៗ នៃបញ្ញាសិប្បនិម្មិត ដែលជាជំហានចាំបាច់ មួយក្នុងការជួយវិភាគ ផ្តល់យោបល់ល្អៗជាច្រើន ដើម្បីយកមកពិចារណាក្នុងរួមចំណែកដល់ការអភិវឌ្ឍន៍ក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត៕